
តើអ្វីទៅជាព្រះធម៌?
បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរជាង៩០% ជាពុទ្ធសាសនិក។ គេច្រើនយល់ថាព្រះពុទ្ធសាសនាមានតម្លៃណាស់មិនត្រូវយកលាយឡំជាមួយនឹងសង្គមមនុស្សទេ។ បើមើលតាមការបែងចែកនេះយើងអាចសន្និដ្ឋានបានថាប្រជាពលរដ្ឋខ្មែរមិនទាន់ស្គាល់ច្បាស់ថាអ្វីទៅជាព្រះធម៌ អី្វទៅជាសង្គមមនុស្សយើងរស់នៅនៅឡើយទេ។
ក្នុងចិត្តគំនិតមនុស្សខ្មែរទូទៅពាក្យថាធម៌មិនគឺអ្វីដទៃក្រៅពីវត្ថុសក្តិសិទ្ធិក្រៅខ្លួន ឬជារបស់ពិសិដ្ឋក្នុងសាសនាសម្រាប់ធ្វើការសូធ្យអង្វរកសុំសេចក្តីសុខ និងជារបស់ម្យ៉ាងទុកគ្រាន់ធ្វើជាគ្រឿងសក្ការៈបូជាលើកតម្កើងដោយរំពឹងថាធម៌អាចធ្វើឲ្យខ្លួនបានបុណ្យសម្រាប់ជាតិមុខជាតិក្រោយ។ ពួកគាត់មិនស្គាល់ថាធម៌ជាអ្វីឲ្យពិតប្រាកដទេតែគេជឿលើធម៌ខ្លាំងណាស់។ នៅគ្រប់ពិធីបុណ្យទានបែបសាសនាពេលណាឮព្រះសង្ឃសូធ្យ គេនាំគ្នាលើកដែសំពះសម្តែងនូវការគោរពភ្លាមតែម្តង។ គេយល់ថាធម៌មិនពាក់ព័ន្ធនឹងជីវិតរបស់មនុស្សសាមញ្ញឡើយ តែធម៌គឺជារបស់ដែលទុកសម្រាប់គោរពក្រាបថ្វាយបង្គំសុំបុណ្យ ហើយត្រូវឋិតនៅក្នុងគម្ពីរ ក្នុងវត្តអារាម ទីណាមួយខ្ពស់ឆ្ងាយដាច់ដោយឡែកពីរឿងលោកិយ មិនត្រូវយកមកប្រឡាក់ប្រឡូកក្នុងរឿងជីវិតប្រចាំថ្ងៃទេ។ នៅពេលដែលមានទុក្ខ មានបញ្ហាត្រូវដោះស្រាយ ពួកគាត់មិនដែលយកមេរៀនធម៌ មកដោះស្រាយឡើយ តែផ្ទុយទៅវិញបែរជាអង្គុយរអ៊ូតែអំពីបញ្ហាដែលកើតមានឡើង ហើយទៅធ្វើពិធីអង្វរកតាមបែបសាសនា។ ការធ្វើដូច្នេះយូរៗក៏ក្លាយជាទម្លាប់ ជាប្រពៃណីសាសនា ហើយដោយមានចិត្តស្រលាញ់ងប់ងុលនឹងទំនៀមបែបសាសនានេះគេក៏ខំអភិរក្សការពារ ហើយហួងហែងមិនព្រមយកទៅប្រើឲ្យបានជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ។
អ្វីទៅជាធម៌?
ធម៌ គឺធម្មជាតិ គឺអ្វីៗគ្រប់យ៉ាងដែលអាចកើតមានឡើងក្នុងលោក រាប់បញ្ចូលទាំងជីវិតមនុស្សសត្វផងដែរ (សព្វេ ធម្មា សង្ខារា)។ លក្ខណៈមួយនៃធម៌ គឺទុក្ខ។ ការកើតបានជាជីវិតនេះមិនត្រឹមតែដោយ សារធម៌ទេ តែលក្ខណៈនៃការកើតជាជីវិតនេះតែម្តង គឺជាធម៌។ លក្ខណៈនៃជីវិតគឺការមានបញ្ហាត្រូវដោះស្រាយ។ មូលហេតុដែលព្រះពុទ្ធស្វែងរកធម៌ត្រាស់ដឹងធម៌ ហើយបង្រៀនមេរៀនធម៌ដែលមនុស្សលោកគឺមកពីមានទុក្ខ ឬបញ្ហាជីវិតផ្ទាល់ដែលកំពុងកើតមានជាក់ស្តែង ចំពោះមនុស្សគ្រប់គ្នានេះឯង។ ព្រះពុទ្ធ មិនបានបង្កើតសាសនា
ប្រពៃណី ឬក៏ពិធីកម្មជំនឿងប់ងុលតាមបែបសាសនាសម្រាប់ខ្មែរ ឬជាតិសាសន៍ណាមួយនោះ ទេ តែធម៌ដែលព្រះពុទ្ធត្រាស់ដឹងគឺជាដំណើរធម្មជាតិដែលបង្កើតបានជាជីវិតនេះរួមទាំងបញ្ហាដែលជាប់មកជាមួយជីវិតនេះ។ ពាក្យថាស្វែងរកធម៌មិនមែនមានន័យថាជាការស្វែងរកផ្លូវគេចវេសចេញពីសង្គមមនុស្សទៅតាំងខ្លួននៅទីខ្ពស់ដាច់ពីសង្គមមនុស្សនោះទេ។ ផ្ទុយទៅវិញ ពាក្យថាស្វែងរកធម៌ គឺការស្វែងរកវិធី ឬរបៀបសម្រាប់ដោះស្រាយបញ្ហាជីវិតជាក់ស្តែងនេះ គឺជាសិល្បៈនៃការរស់ ហើយនោះហើយគឺមេរៀនធម៌ ឬព្រះធម៌ ។
មេរៀនធម៌ ឬព្រះធម៌
មេរៀនធម៌ ឬព្រះធម៌ដែលព្រះពុទ្ធត្រាស់ដឹង ហើយបានយកមកបង្រៀនយើងនេះ គឺសម្រាប់ទុកឲ្យអ្នកបដិបត្តិយកមកអនុវត្តដើម្បីទទួលបាននូវផលប្រយោជន៍ក្នុងពេលនេះ ក្នុងជាតិនេះតែម្តង។ ដើម្បីឲ្យកាន់តែងាយយល់យើងអាចហៅព្រះធម៌ថា គឺជាមេរៀនដែលសិក្សាអំពីធម៌។ តែមានអ្នកយល់ខុសក្នុងមេរៀនធម៌មួយចំនួនបដិបត្តិធម៌ក្នុងន័យគ្រាន់តែជាអបិយជំនឿសម្រាប់រំដោះគ្រោះ ឬអង្វរកបួងសួងសុំសុខបែបជាពិធីកម្មសាសនាប្រពៃណីទំនៀមទម្លាប់ទៅវិញ។ ពួកគេរៀនមេរៀនធម៌ត្រឹមតែជាលក្ខណៈទ្រឹស្តីសូធ្យចាំមាត់ តែបើមើលទៅលើការអនុវត្តវិញ នៅតែមិនទទួលបានផលប្រយោជន៌អ្វី សម្រាប់ជីវិត និងសម្រាប់សង្គមសោះ។ ផ្ទុយទៅវិញបែរជារឹតតែបង្កឲ្យសង្គមខ្មែរយើងនេះមានភាពស្ពឹកស្រពន់ប្រជាពលរដ្ឋលែងចេះគិតពិចារណាបែបហេតុផលយូរៗទៅកាន់តែក្រទៅៗ និងរឹតតែនាំឲ្យមនុស្សក្នុងសង្គមមានភាពអាត្មានិយមកាន់តែច្រើនឡើងៗ។
គោលបំណងនៃការស្វែងរកការត្រាស់ដឹងរបស់ព្រះពុទ្ធ គឺការយកមេរៀនដែលសិក្សាអំពីធម៌មកដោះស្រាយបញ្ហាជីវិតជាក់ស្តែងជូនមនុស្សជាតិ ហើយបើសិនមេរៀនដែលត្រាស់ដឹងនោះមិនអាចយកមកប្រើដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងក្នុងជីវិតប្រចាំថ្ងៃនេះបានទេតើយើងរៀនធម៌នោះដើម្បីអ្វី? គោរពនោះដើម្បីអ្វី? ហើយតើព្រះធម៌នោះមានតម្លៃអ្វី? ព្រះធម៌គឺជាមេរៀនជីវិតដែលអាចយកមកបដិបត្តិដើម្បីបញ្ចប់នូវសេចក្តីទុក្ខសព្វបែបយ៉ាង។ មេរៀនដំបូងដែលព្រះពុទ្ធបានបង្រៀនគឺរបៀបនៃការដោះស្រាយបញ្ហា ៤ យ៉ាង (អរិយសច្ចធម៌៤) រួមមានទី១ ទុក្ខ (បញ្ហា) ទី២ ទុក្ខសមុទយ (ហេតុដែលនាំឲ្យមានបញ្ហា) ទី៣ ទុក្ខនិរោធ (ទស្សនវិស័យក្នុងការដោះស្រាយបញ្ហា) និងទី៤ ទុក្ខនិរោធគាមិនីបដិបទា (ចំណុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា និងផ្លូវដែលនាំទៅដល់ការបញ្ចប់បញ្ហា)។ បញ្ហាអ្វីក៏ដោយក្នុងជីវិត សុទ្ធតែអាចយករបៀបនៃការដោះស្រាយបញ្ហាទាំង៤យ៉ាងនេះ ធ្វើជាគោលការណ៍ក្នងការដោះស្រាយបានទាំងអស់។ ប្រជាពលរដ្ឋខ្មែរកំពុងតែលិចលង់លក់នៅក្នុងពិធីសាសនា។ ការដែលមិនស្គាល់ធម៌មិនយល់ធម៌នេះហើយដែលនាំឲ្យមានការបដិបត្តិធម៌ខុស។ ពាក្យថាបដិបត្តិខុស គឺសំដៅដល់ការប្រព្រឹត្តទាំងឡាយណាដែលមិននាំទៅរកការរីកចម្រើនជាទូទៅ។ ពេលដែលធម៌ទី១ គឺទុក្ខ ឬបញ្ហាកើតឡើងគេក៏ឆ្លេឆ្លាអន្ទះអន្ទែងហើយចេះតែអង្គុយរអ៊ូរទាំពីបញ្ហានោះ មិននាំគ្នាលើកយករបៀបដោះស្រាយបញ្ហាសោះ។
ទុក្ខ គឺជារបស់សកលកើតមានជាទូទៅលើមនុស្សគ្រប់ៗគ្នា មិនមែនមានតែក្នុងពុទ្ធសាសនា ឬសាសនាដទៃណានោះទេ។ ទុក្ខ ឬបញ្ហាគឺកើតមានឡើងចំពោះមនុស្សគ្រប់គ្នាដោយរាប់ទាំងរឿនសង្គមទូទៅទោះបីជាអ្នកមិនចូលចិត្ត ឬចូលចិត្តផងដែរ។ ចំណែកឯ វិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា) ឬរបៀបដោះស្រាយបញ្ហាក៏ត្រូវតែជារបស់សកលដោយមិនមានបែងចែកព្រំដែននិកាយ សាសនា ប្រជាពលរដ្ឋ ឬមន្ត្រីរាជការអ្នកដឹកនាំប្រទេសដែរ។ ជំងឺ គឺជាជំងឺសកលថ្នាំព្យាបាលជំងឺក៏ត្រូវតែសកលដែរ។ ព្រះពុទ្ធ មិនបានបង្រៀនមេរៀនជីវិត ឬរបៀបដោះស្រាយបញ្ហា ទុកសម្រាប់តែអ្នកសាសនាណាមួយ ឬក៏ទុកសម្រាប់តែពួកអ្នកបួសប៉ុណ្ណោះទេ តែក៏សម្រាប់មនុស្សទូទៅដើម្បីយកទៅដោះស្រាយបញ្ហាគ្រួសារ សង្គម និងប្រទេសជាតិទាំងមូលផងដែរ។ ដូច្នេះការដែលលើកឡើងថាព្រះធម៌ជាពុទ្ធសាសនានោះមិត្រឹមត្រូវទេ ហើយការដែលអ្នកសាសនាលើកឡើងថាមិនត្រូវយកព្រះធម៌ទៅលាយឡំជាមួយនឹងរឿងសង្គម ក៏រឹតតែមិនត្រឹមត្រូវទៅទៀត។ ក្នុងន័យត្រឹមត្រូវមិនមែនយើងយកព្រះធម៌មកលាយឡំជាមួយនឹងរឿងសង្គមឡើយតែគឺយើងយកព្រះធម៌មកដោះស្រាយបញ្ហាក្នុងសង្គមនេះតែម្តង។
ទុក្ខ ឬបញ្ហា គឺជាអរិយសច្ចៈទី១ គឺជាធម៌ដែលត្រូវកំណត់ដឹង។ បញ្ហាសង្គមក៏ជាធម៌ ពោលគឺ
ជាធម៌ដែលយើងត្រូវយល់ដឹង និងដោះស្រាយដោយគោលធម៌ផងដែរ។ មេរៀនធម៌មានភាពសាមញ្ញ ជាក់ស្តែងនិយមមានលក្ខណៈសកល ជាពិសេសមិនមែនជារឿងសាសនា តែអាចអនុវត្តបាន។ ព្រះធម៌និងគ្មានតម្លៃទេប្រសិនបើព្រះធម៌មិនអាចយកមកអនុវត្តដើម្បីដោះស្រាយបញ្ហាជាក់ស្តែងបាន។ ព្រះធម៌មានតម្លៃលុះត្រាតែព្រះធម៌ផ្តល់ផលប្រយោជន៍ដល់យើង ហើយដើម្បីបានទទួលផលប្រយោជន៍បាន លុះត្រាតែយើងបដិបត្តិជាក់ស្តែង។ ឯលក្ខណៈសាមញ្ញនោះ គឺវាពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅតែម្តង។
ព្រះពុទ្ធបង្រៀនតែរបស់ពីរយ៉ាងប៉ុណ្ណោះ គឺទុក្ខ និងវិធីនៃការរំលត់ទុក្ខនោះ (បញ្ហា និងរបៀបនៃការដោះស្រាយបញ្ហា)។ សង្គមក៏ត្រូវការធម៌ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅផងដែរ។ ឯព្រះធម៌ជាមេរៀនដែលសិក្សាឲ្យស្គាល់អំពីធម៌ដើម្បីឲ្យអាចរស់នៅស្របនឹងលក្ខណៈរបស់ធម៌ដែលនាំទៅរកការរីកចម្រើនទាំងអស់គ្នា។
បញ្ហាដែលមនុស្សទូទៅនៅតែមិនអាចទទួលយកព្រះធម៌មកធ្វើជាមាគ៌ាក្នុងការដោះស្រាយបញ្ហាសង្គមបាននោះ គឺព្រោះតែទី១ ពួកគាត់យល់ច្រឡំថាព្រះធម៌ គឺជាសាសនាមួយដែលបរិសុទ្ធ ស្អាតស្អំ ផុតពីរឿងលោកិយទុកដើម្បីថ្វាយបង្គំបួងសួងសុំទៅឋានសួគ៌ និងទី២ គាត់យល់ថារឿងសង្គមគឺជារឿងមិនស្អាតស្អំ ដូច្នេះមិនត្រូវយករឿងសង្គមទៅប្រឡាក់ជាមួយនឹងសាសនាដ៏ស្អាតស្អំរបស់ពួកគាត់ទេ។
ការបដិបត្តិធម៌
ការមិនស្គាល់ពីតម្លៃនៃព្រះធម៌ និងការមិនស្គាល់ពីសារៈសំខាន់នៃការងារសង្គម គឺជាហេតុដែលធ្វើឲ្យជីវិតរស់នៅពោរពេញដោយទុក្ខ សង្គមពោរពេញដោយបញ្ហាមិនចេះចប់។ ការពិតការបដិបត្តិព្រះធម៌ត្រឹមត្រូវនាំឲ្យចិត្តមនុស្សមានលំនឹង និងមានសេចក្តីសុខស្ងប់ល្អណាស់ ហើយការចូលរួមធ្វើសកម្មភាពរបស់មនុស្សទូទៅក្នុងសង្គម ប្រកបដោយការយល់ដឹងនឹងនាំឲ្យសង្គមមានលោកសម្ភារៈសម្បូរសប្បាយ និងរីកចម្រើនរុងរឿង។ ព្រះធម៌ គឺជាសិល្បៈនៃការរស់ និងបង្រៀនអំពីរបៀនរស់នៅបង្រៀនមនុស្សឲ្យចេះរស់នៅដោយស្គាល់ប្រមាណមិនអន្ទះអន្ទែង ហើយក៏មិនស្ពឹកស្រពន់ក្នុងដំណើរជីវិត។
តើការបដិបត្តិធម៌ត្រឹមត្រូវនោះដូចម្តេចទៅ? ដំបូងយើងត្រូវស្គាល់ ថាតើធម៌ជាអ្វីសិន។ តើវាជារឿងស្រមើស្រមៃអរូបិយ រឿងជាតិមុន ជាតិក្រោយ រឿងសួគ៌នរក រឿងពិធីកម្មសាសនា រឿងប្រពៃណី ដែលសម្រាប់តែមនុស្សចាស់ៗសូធ្យអង្វរកបួងសួង ឬក៏ធម៌ជាធម្មជាតិពោលគឺជាអ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងលោក ក្រោមច្បាប់ធម្មជាតិ គឺ អនិច្ចំ (ការប្រែប្រួល) ទុក្ខំ (ភាពមិនអមតៈ) និងអនត្តា (ភាពមិនឯករាជ្យនៃធម្មជាតិ) ដែលរាប់ទាំងរឿងសង្គមផងដែរ ឬក៏យ៉ាងណា? កាលណាបើយើងបានយល់ច្បាស់ថា ធម៌គឺដំណើរធម្មជាតិដូច្នេះហើយយើងនឹងចេះបដិបត្តិស្របជាមួយនឹងដំណើរធម្មជាតិ ដែលនាំទៅរកការរីកចម្រើនទាំងអស់គ្នា។
ការបដិបត្តិធម៌ដែលត្រឹមត្រូវ គឺការបដិបត្តិដែលមិនចង្អៀតចង្អល់ មិនមានការបែងចែកជានិកាយ ជំនឿសាសនា មិនសម្រាប់តែអ្នកបួស ឬក្រុមពួក ប្រភេទមនុស្ស ឬជាតិសាសន៍ណាមួយនោះទេ ។ ការបដិបត្តិធម៌គឺការរំដោះទុក្ខ ជាការដោះស្រាយបញ្ហា។ ទុក្ខមាននៅគ្រប់ជីវិត ហើយគ្រប់ជីវិតសុទ្ធតែពាក់ព័ន្ធនឹងរឿងសង្គម។ សង្គម គឺជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវដោះស្រាយ។ ការដោះស្រាយបញ្ហាសង្គម គឺការដោះស្រាយបញ្ហាជីវិត។ ដូច្នេះ ការដោះស្រាយបញ្ហាសង្គម គឺជាការបដិបត្តិធម៌។ បើកាលណាមនុស្សម្នាក់ៗមានសេចក្តីស្ងប់ នាំឲ្យសង្គមនោះមានសេចក្តីស្ងប់ដែរ។ តែសង្គមនោះនឹងមិនអាចមានសេចក្តីស្ងប់បានឡើយ ប្រសិនបើ មានតែការសូធ្យធម៌ ហើយរឿងសង្គមនៅមិនទាន់បានដោះស្រាយរួចរាលទេនោះ។ រឿងធម៌មានការជាប់ព័ន្ធដល់ស្ថានភាពផ្លូវចិត្តរបស់យើង ឯរឿងសង្គមជារឿងពាក់ព័ន្ធនឹងស្ថានភាពជីវភាពរបស់យើង។ តម្រូវការប្រចាំថ្ងៃ រឿងកូនរៀនសូត្រ ទំនិញឡើងថ្លៃ អត់ការងារធ្វើ គ្មានទីផ្សារលក់ផលិតផល សុខភាព សន្តិសុខសង្គម ភាពក្រីក្រ សិទ្ធ សេរីភាព គម្លាតរវាងអ្នកមាន និងអ្នកក្រ។ល។ ភាពលំបាកលំបិនក្នុងការរស់នៅគ្រប់បែបយ៉ាងទាំងនោះ សុទ្ធតែមានពាក់ព័ន្ធនឹងរឿងបដិបត្តិធម៌ និងរឿងសង្គមទាំងអស់។
ដូច្នេះ កាបដិបត្តិព្រះធម៌មានសារៈសំខាន់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ប្រសិនបើជីវិតយើងគ្មានធម៌ ជីវិតយើងក៏គ្មានសេចក្តីសុខដែរ។
ដកស្រង់ និងវាយអត្ថបទដោយសមណៈនិស្សិត វ៉ាន់ កនិដ្ឋ
កែរអក្ខរាដោយសមណៈនិស្សិត កង ថាវ
0 មតិយោបល់:
Post a Comment